ពួកគេ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅលើវេទិកា ។ ជាមួយនឹងខោអាវក្នុង របស់ស្ត្រីច្រើនម៉ូដមិនគួរឲ្យជឿ កំពូលតារាបង្ហាញម៉ូតទាំងនោះបានធ្វើការដើរម៉ូតនៅពិធីបង្ហាញម៉ូតប្រចាំឆ្នាំរបស់ Victoria's Secret ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានបង្អួតនូវជើងវែងៗដ៏ស្រឡូន, ចង្កេះអង្ក្រង និង រាងដ៏ស្វែល ។
ក្នុងចំណោមពួកនាងគឺមាននាង Adriana Lima, Lily Aldridge, Alessandra Ambrosio និង Miranda Kerr ។ល។ ក្រៅពីការពិតដែលថាពួកគេទាំងអស់គ្នាសុទ្ធតែប្រឹងប្រែងដើម្បីរក្សារាងរបស់ខ្លួននោះ ពួកគេក៏មានដំណើររឿងដូចគ្នាផងដែរ នោះគឺពួកគេទាំងនោះគឺសុទ្ធតែជាម្តាយគេទាំងអស់ ។
Daily Mail បានរាយការថា នាង Lima អាយុ ៣១ ឆ្នាំ បានផ្តល់កំណើតកូនទីពីរដែលជាកូនស្រីប្រហែលជា ៨ សប្តាហ៍កន្លងមកហើយ ។ នាងមើលទៅហាក់ដូចជាមានមោទនភាពចំពោះរាងកាយរបស់នាងខ្លាំងណាស់ខណៈនាងកំពុងដើរបង្ហាញម៉ូតលើវេទិកា ។
ប៉ុន្តែវាមិនមែនជាដំណើរងាយស្រួលនោះឡើយដើម្បីងាកទៅរករូបរាងដើមសម្រាប់តារាបង្ហាញម៉ូតប្រេស៊ីលដែលបានរៀបការជាមួយកីឡាករបាល់បោះសញ្ជាតិស៊ែប៊ីឈ្មោះ Marko Jaric ។
នាងបានចែករំលែកពីរបៀបតស៊ូដើម្បីទទួលបានរូបរាងស្អាតនៅលើ Twitter ។ នាងបានបង្ហោះរូបភាពក្រោយពីការហាត់ប្រាណរបស់នាង ដោយមានហូរញើសយ៉ាងច្រើនក្នុងរយៈពេលមួយខែបន្ទាប់ពីផ្តល់កំណើតឲ្យកូន ។ ក្រុមវេជ្ជបណ្ឌិតមិនបានណែនាំឲ្យស្ត្រីធ្វើការហាត់ប្រាណនោះទេរហូតដល់រយៈពេល ៦ សប្តាហ៍បន្ទាប់ពីពួកគេបានផ្តល់កំណើតកូនរួច ។
នាងមិនមែនជាមនុស្សតែម្នាក់នោះទេដែលទៅហាត់ប្រាណបែបនេះ ។ តារាបង្ហាញម៉ូតរួមការងារជាមួយគ្នាគឺនាង Aldridge ដែលបានផ្តល់កំណើតឲ្យកូនស្រីឈ្មោះ Dixie កាលពីប្រាំខែកន្លងទៅ ចំណែកឯនាង Ambrosio ដែលបានផ្តល់កំណើតឲ្យកូនប្រុសឈ្មោះ Noah កាលពីខែឧសភាដែរនោះក៏បាននាំគ្នាហាត់ប្រាណ និង ទទួលទានអាហារមានតុល្យភាពផងដែរ ។ តារាបង្ហាញម៉ូតអូស្ត្រាលី នាង
Kerr គឺជាម្តាយដ៏មានមោទនភាពបំផុតរបស់កូនប្រុសឈ្មោះ Flynn ហើយនាងក៏បានហាត់ប្រាណច្រើនដងក្នុងមួយសប្តាហ៍ផងដែរ ដើម្បីរក្សារាងរបស់នាង ។
ចំណែកឯតារាបង្ហាញម៉ូតផ្សេងទៀតក៏បាននិយាយពីការធ្វើលំហាត់ប្រាណប្រមាណ ៤ ដងក្នុងមួយសប្តាហ៍ និង ទទួលទានចំណីដូចជា សាច់ត្រី និង មាន់ ព្រមទាំងរបបអាហារមានតុល្យភាពមួយចំនួនទៀតដូចជា ចំណីប្រេស៊ីលម្យ៉ាងឈ្មោះថា Granola បន្លែ ជាតិប្រូតេអ៊ីន និង គ្រាប់ធុញ្ញជាតិ ។ ល ៕