ក្រោយពីលឹបលៗ ស្ទាក់ស្ទើរក្នុងការបង្ហាញមុខជាចំហ និងបង្ហាញខ្លួនជាសាធារណៈ ដូចមុននោះ ឥឡូវនេះ សុខ ពិសី បានសម្រេចចិត្តវិលមករកឆាកតន្ត្រីសាជាថ្មីវិញហើយ ដោយមានការរៀបចំតុបតែងខ្លួនប្រាណមិនឲ្យចាញ់ពីមុនឡើយ គឺមើលទៅរូបសម្រស់កាន់តែទាក់ទាញ បែបយុវវ័យ ហើយនាងឡើងឆាកតន្ត្រីទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី២៥ វិច្ឆិកា កន្លងទៅនេះ។ អ្នកគាំទ្រ សុខ ពិសី ជាច្រើនបានភ្ញាក់ផ្អើលចំពោះការបង្ហាញមុខសាជាថ្មី បន្ទាប់ពីបាត់មុខឈឹង ខានបានកាន់ក្បាលមីក្រូ ៦ខែមក។
នៅពេលនេះផងដែរ សុខ ពិសីបានលើកយកបទថ្មី ដែលនាងថតចុងក្រោយ នៅផលិតកម្មសាន់ដេ ទើបចេញជា ស៊ីឌី បន្ទាប់ពីនាងទើបវិលត្រឡប់ពីប្រទេសសិង្ហបុរី កាលពីខែតុលា កន្លងទៅនេះ មានដូចជាបទ “សង្សារតែឈ្មោះ” “ដើម្បីបង” និងបទ “ថាអូនល្ងង់ក៏បាន”។
គួរកត់សម្គាល់ថា គ្រាន់តែពិធីករប្រកាសឈ្មោះ សុខ ពិសី ភ្លាម អ្នកទស្សនាផ្ទាល់បានស្រែកហ៊ោកញ្ជ្រៀវ ពេលបានឃើញ តារាសាច់ទ្រលុកទ្រលន់ សខ្ចី ឈានដំណើរចេញមួយៗមក ព្រមទាំងបញ្ចេញស្នាមញញឹមទៀតផង។ ក្រុមអ្នកគាំទ្រ សុខ ពិសី ក៏បានតាមដានសកម្មភាពនាងដោយយកចិត្តទុកដាក់ ដើម្បីប្រឆាំងតបតទៅនឹងព័ត៌មានថា នាងមានផ្ទៃពោះ ហើយពួកគេបានសម្លឹងមិនដាក់ភ្នែកទៅរូបរាងកាយរបស់ សុខ ពិសី ហើយនាំគ្នាលាន់មាត់ថា “ដូចជាមិនឃើញ “ពោះធំ” អីផង គ្រាន់តែគាត់រាងធាត់ជាងមុនបន្តិច”។ ទោះបីជាយ៉ាងណាក្តី សុខ ពិសី បានប្រាប់អ្នកសារព័ត៌មានថ្មីៗនេះថា នាងសប្បាយចិត្តទៅវិញទេ បើសិនជារឿង “វិញ្ញាណបិសាចជញ្ជក់ឈាម” ត្រូវបានការគាំទ្រ ជោគជ័យខ្លាំង ហើយនាងមិនមានភាពតូចចិត្តអ្វីឡើយ។
លោកទី អ្នកហៅតារាឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានប្រាប់ថា ពិតជាមានការចាប់អារម្មណ៍ខ្លាំងមែន ពេលសុខ ពិសី ឡើងឆាកលើកនេះ។ លោក និយាយថា “គាត់ (ពិសី) បានបាត់មុខ ៥-៦ខែ ហើយពេលត្រឡប់មកវិញ ឡើងឆាកអាស៊ីអាគ្នេយ៍នេះជាលើកទី១ និងមុនដំបូងគេ ព្រោះគាត់ទើបមានបទថ្មី បានជាត្រូវឡើងពេលនេះ ហើយទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះតែកម្មវិធីយើងមិនបានប្រកាសមុន ចង់ឲ្យឃើញ ពិសី មក គាត់ភ្ញាក់ផ្អើលតែម្តង។ សុខ ពិសី នៅតែមានការគាំទ្រដូចមុនអ៊ីចឹង”។
អ្នកជំនាញសិល្បៈ បានលើកឡើងថា ការវិលត្រឡប់មកវិញរបស់ សុខ ពិសី ពេលនេះគឺទាន់ពេល ដើម្បីទប់ស្កាត់ការបាក់ស្រុតចុះកេរ្តិ៍ឈ្មោះនាងអំឡុងពេលបាត់មុខនេះ និងដើម្បីលាងឲ្យកាន់តែជ្រះ អស់ការសង្ស័យរឿងល្បីថានាងមានផ្ទៃពោះនោះ៕
www.cen.com.kh