Play Now

ពស់ថ្លាន់​វារ​ឡើង​លើ​វិហារ ​ផ្អើល​មនុស្ស​ចោម​​រោម​មើល​ ហើយ​មាន​បារមី​ចូល​សណ្ឋិត​ឱ្យ​ទុក​នៅ​វត្ដ​ (វីដេអូ)

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងវត្ដពោធិវង្ស នាំគ្នាមកចោមរោមមើលយ៉ាង ច្រើនកុះករដោយសារតែ មានពស់ថ្លាន់មួយក្បាល បានវារឡើងមកនៅលើវិហារ កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣។ វត្ដដែល ពស់ថ្លាន់ វារឡើងនៅព្រះវិហារនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ុង ឫទ្ធី (ផ្លូវលេខ១៩២៨) ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។ ព្រះតេជព្រះគុណព្រះនាម ងើម សុវណ្ណារ៉ា ហៅ ថៃ ស៊ីង ជាព្រះសូត្រស្ដាំ វត្ដពោធិវង្ស មានថេរដីកាថា ពស់ថ្លាន់ ១ ក្បាលនេះ បានរស់នៅក្បែរដើមពោធិ៍មួយដើម ដែលទើបតែនឹងដាំ បន្ទាប់ពីក្រុមហ៊ុនមួយបានដឹកដីចាក់លុបបឹងអស់ជាច្រើនហិកតា មក។ លុះមកដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ពស់ថ្លាន់មួយក្បាលនេះបានលូនឡើងលើវិហារនេះតែម្ដង។


ព្រះតេជព្រះគុណ ងើម សុវណ្ណារ៉ា មានថេរដីកាបន្ដថា ពស់ថ្លាន់មួយក្បាលនេះមានប្រវែងជិត ៤ ម៉ែត្រ មានទម្ងន់ជិត ២០ គីឡូក្រាម ហើយពស់នេះ គឺជាកូនទេ ព្រោះកាលពីបឹងពោងពាយនេះ មិនទាន់ចាក់ដីលុប គេឃើញពស់ថ្លាន់មួយគូហែលទឹកលេង មានទំហំប៉ុន សសរផ្ទះឯណោះ ហើយបច្ចុប្បន្នមិនដឹង ជាទៅរស់នៅទីណានោះទេ។ បើតាមការសន្និដ្ឋានរបស់ព្រះអង្គ ពស់ថ្លាន់មួយក្បាលនេះ គឺជា កូនរបស់ពស់ធំមួយគូ ដែលបាត់ពីកន្លែងបឹងនេះ។ ព្រះគ្រូសូត្រស្ដាំបានបញ្ជាក់ថា កន្លងមកនៅពេល ដែលគេចាក់ដីលុបបឹងនេះ កូនពស់មួយក្បាលបានវារឡើងមកលើគោក ដើម្បីរកកន្លែងជ្រកពួន ប៉ុន្ដែត្រូវបានក្រុមអ្នកបើករថយន្ដដឹកដីនាំគ្នាចាប់ពស់ នោះយកទៅ ស្ងោរបរិភោគ។ លុះរំលងបាន ៤-៥ ថ្ងៃអ្នកទាំងនោះបានជួបគ្រោះថ្នាក់ចរាចរ ដោយរថយន្ដដឹកដីបើកបុកគ្នា បណ្ដាលឱ្យឆេះស្លាប់ ភ្លាមៗម្នាក់ និងម្នាក់ទៀតបានឆេះខ្លោចពេញខ្លួនពេលបញ្ជូន ទៅដល់មន្ទីរពេទ្យកាល់ម៉ែតក៏បានស្លាប់ផងដែរ។ នេះប្រហែលជាមកពី ស៊ីសាច់ពស់នោះហើយ ទើបបារមីដែលថែរក្សាពស់នោះតាមយកជីវិតតែម្ដង។

ជាមួយអ្នកយកព័ត៌មាននគរវត្ដ លោកយាយ សុខ អាយុ ៧០ឆ្នាំ ស្នាក់នៅក្នុងវត្ដពោធិវង្ស បាននិយាយពីប្រវត្ដិដើមថា កាលពីមុនទីធ្លា វត្ដពោធិវង្ស នេះជាកោះមួយមានឈ្មោះ ជំទាវតី ហើយកោះនេះមានពស់ធំៗរស់នៅច្រើនណាស់ នៅខាងត្បូងកោះនេះ ដែលបច្ចុប្បន្ន ឆ្លងផ្លូវ ម៉ុង ឫទ្ធី ប្រហែល ២ គីឡូម៉ែត្រមានកោះមួយទៀតហៅថា កោះឧកញ៉ា វាំង ក៏សម្បូរពស់ធំៗរស់នៅដែរ។

លោកយាយបន្ដឱ្យដឹងទៀតថា រាល់ពេលដែលអ្នកស្រុកបែបន់បារមីនៅលើកោះនេះឱ្យជួយផ្ដល់នូវសេចក្ដីសុខ ហើយរកស៊ីមានបាន ឬក៏បែបន់សុំឱ្យជំងឺតម្កាត់ជាសះស្បើយពីក្នុងខ្ល្លួននោះ គេតែងតែឃើញមានពស់ធំៗ ២ ក្បាលហែលទឹកចុះ ឡើងៗប៉ុនៗដើមត្នោត ឯណោះ ប៉ុន្ដែមិនធ្វើឱ្យមនុស្សម្នាខ្លាចនោះឡើយ។ ពស់ទាំង ២ ក្បាលនោះមានញីមានឈ្មោល ដែលគេស្គាល់ថា ពស់ឈ្មោលជារបស់ លោកឧកញ៉ាវាំង និងពស់ញីជារបស់ ជំទាវតី ដោយមានបារមីខ្លាំងពូកែណាស់ អ្នកណាម្នាក់ហ៊ានបំពាននឹងមានគ្រោះ ថ្នាក់ដល់អាយុ ជីវិតជាក់ជាមិនខាន។

ពេលក្រុមអ្នកយកព័ត៌មាននគរវត្ដ បានសម្ភាសព្រះសង្ឃ និងលោកយាយឈ្មោះ សុខ នោះស្រាប់តែមានលោកយាយម្នាក់ឈ្មោះ ចាន់ អាយុប្រហែល ៥៦ឆ្នាំ ត្រូវបានគេស្រែកប្រាប់ថា មានបារមីចូលសណ្ឋិត ហើយភ្លាមនោះមានមនុស្សម្នាចោមរោមមើលយ៉ាងជុំជិត។ រូបលោកយាយ ចាន់ បាននិយាយសំឡេង ខ្សាវៗថា គាត់មិនឱ្យអ្នកណាយកពស់ នេះទៅណាជាដាច់ខាត គឺឱ្យរស់នៅទីនេះ ថែរក្សា វត្ដអារាមឱ្យមានសេចក្ដីសុខ ប្រសិនបើអ្នកណាហ៊ានចាប់យកចេញទៅ ឬក៏ចាប់យកទៅលក់ បារមីថែរក្សា ពស់នេះនឹងផ្ដាច់ជីវិតអ្នក នោះឱ្យស្លាប់ ដូចក្រុមអ្នកបើករថយន្ដដឹកដីដែលថ្លើមធំហ៊ានចាប់ពស់ជាកូនចៅយើងយកទៅស្ងោរស៊ី។

និយាយលាយឡំជាមួយនឹងការសួរនាំរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ រូបសណ្ឋិតនិយាយទាំងស្រែកយំថា ប្ដីក៏ស្លាប់ចោល កូនប្រុស មួយត្រូវគេធ្វើបាប យកទៅសម្លាប់ស្ងោរស៊ីទៀត (ដែលពស់គេយកទៅស្ងោស៊ីនេះមានឈ្នោះថា កំពូលពេជ្រ) នៅសល់តែកូនស្រី ម្នាក់ឈ្មោះ នាងសក្ខែល (ពស់ថ្លាន់ដែល វារឡើងលើវត្ដនេះ) ប៉ុណ្ណោះបើអ្នកណាហ៊ានយកទៅធ្វើបាប ប្រាកដជាស្លាប់មិនខានឡើយ ដូចពួកក្រុមអ្នកបើករថយន្ដដឹកដីនោះ។

បន្ទាប់ពីមានបារមីចូលសណ្ឋិតជាមួយលោកយាយ ចាន់ ហើយបានរៀបរាប់ដូចពោលខាងលើ លោកយាយក៏បានដួលសន្លប់ប្រហែល ៥នាទី ទើបដឹងខ្លួនវិញ បាននិយាយទាំងមិនដឹងខ្លួនថា តើមានរឿងអ្វីកើតឡើង? ពេលនោះព្រះសង្ឃ និងប្រជាពលរដ្ឋបាននិយាយ ប្រាប់ថា មានបារមីចូលសណ្ឋិតលោកយាយឯង ថាកុំឱ្យយកពស់នេះទៅណាគឺទុកនៅ ក្នុងវត្ដហើយធ្វើទ្រុងដែកបើកចំហ ដោយទុកឱ្យ មានក្រោលមានអីទៅ ចង់ចេញថ្មើរណាក់បានចូលថ្មើរណាក៏បាន។

ពាក់ព័ន្ធនឹងពស់ថ្លាន់វារឡើងមកនៅ ក្នុងវិហារវត្ដនេះដែរ ព្រះតេជព្រះគុណ ងើម សុវណ្ណារ៉ា ហៅ ថៃ ស៊ីង ជាព្រះគ្រូសូត្រស្ដាំបានមាន ថេរដីកាថា វត្ដពោធិវង្ស នេះទើបតែកសាងប៉ុណ្ណោះ ហើយមានព្រះសង្ឃ ២០អង្គគង់នៅ ដោយមានព្រះចៅអធិការព្រះនាម ឈួន សុវិន គង់នៅសព្វថ្ងៃដើម្បីរៃអង្គាសបច្ច័យកសាងបន្ថែមទៀត ដោយសារវត្ដនៅមានការខ្វះខាតច្រើនណាស់ ខ្លោងទ្វារក៏មិនទាន់ មានផង។ ដូច្នេះព្រះអង្គសូមអំពាវនាវ ដល់ពុទ្ធបរិស័ទទីជិតទីឆ្ងាយមេត្ដាចូលរួមជាបច្ច័យ ដើម្បីជួយកសាងវត្ដឱ្យមានការរីកចម្រើន ហើយទទួលយកផល្លានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្ល្លួន

ប្រភព៖ គេហទំព័រសារព័ត៌មាន នគរវត្ត

សូមជួយផ្តល់មតិ និងចែករំលែក

Play Now