បើទោះបីសឿ សុធារ៉ា មានកូន១រួចទៅហើយក្តី តែសម្រស់របស់នាង ហាក់មិនបាក់ស្រុតសោះ ពោលគឺស្អាតជាងកាលនៅក្រមុំទៅទៀត ដោយទទួលបានការលើកសរសើរពីអ្នកនៅក្នុង និងក្រៅរង្វង់សិល្បៈ ទាក់ទិននឹងវិធីថែសម្រស់របស់នាង។
មួយរយៈចុងក្រោយនេះ តារាសិល្បៈខ្មែរ បានចាប់អារម្មណ៍ខ្លាំង ទៅលើ វិធីកែសម្រស់ ដើម្បីរំលេចនូវភាពសិចស៊ីរបស់ខ្លួន ឱ្យវិវឌ្ឍទាន់សម័យកាល ជាពិសេស កែច្រមុះ និងសុដន់ ហើយបើទោះបីដឹងថា ប្រឈមនឹងជំងឺមហារីក ក៏ពួកគេហ៊ានប្រថុយប្រថានដែរ។
អ្នកនាងសឿ សុធារ៉ា ក៏បានបង្ហាញពីអារម្មណ៍ភ័យខ្លាចចំពោះបញ្ហានេះដែរ ប៉ុន្តែ នាងនៅតែប៉ងកែដើមទ្រូង ដោយយល់ថា ក្រោយពីវះកាត់រួច សម្រស់របស់នាង នឹងសិចស៊ីលេចធ្លោមួយកម្រិតទៀត។
បន្ទាប់ពីសម្ងំពពោះ បង្កើតបានកូនស្រីឈ្មោះ សាពូន ដារ៉ាពិមាន ជាចំណងដៃអាពាហ៍ពិពាហ៍មក នៅពេលកូនស្រីសំណព្វចិត្តរបស់នាង មានវ័យ១ខួប សុធារ៉ា បានវិលមកលេងសិល្បៈសាជាថ្មី តាមការ គ្រោងទុក ហើយតាមរយៈរូបសម្រស់នៅតែលេចធ្លោ នោះ នាងទទួលបានឱកាសការងារជាបន្តបន្ទាប់ ទាំងការសម្តែងខារ៉ាអូខេ ឱ្យផលិតកម្មក្នុង និងក្រៅស្រុក សម្តែងរឿងអប់រំ ថតស្ពត និងកំពុងត្រៀមថតជាតួឯក ក្នុងខ្សែភាពយន្តភាគ របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទៀតផង។
គ្រាន់តែរលាស់ខ្លួនពីភារកិច្ចផ្តល់កំណើតឱ្យកូន មិនទាន់ទាំងរឹងដៃរឹងជើងស្រួលបួលផងនោះ សុធារ៉ា បានបង្ហាញមុខលើឆាកតន្ត្រី មួយប្រាវ ដ៏គួរឱ្យភ្ញាក់ផ្អើល ថែមទាំងហ៊ានថតរូបសិចស៊ីកៀកកើយជាមួយលោក អែន ឌី មុនបុណ្យចូលឆ្នាំថ្មី យ៉ាងទាក់ទាញទៀតផង ដែលធ្វើឱ្យតារាស្រីនៅលីវមួយចំនួន ស្រងាកចិត្ត ពេលឃើញតារារូបនេះ លេងខ្លួនសិចស៊ីជាងកាល នៅក្រមុំ។
ជួបជាមួយសឿ សុធារ៉ា នាពេលថ្មីៗនេះ អ្នកនាង ប្រាប់ថា បានយកចិត្តទុកដាក់បំផុត ចំពោះការថែទាំសុខភាព និងរូបសម្រស់ ដោយមិនបណ្តោយឱ្យវិវឌ្ឍ តាមអាយុកាលនោះឡើយ។
នាងនិយាយថា “ខ្ញុំតែងតែញ៉ាំអាហារណា ដែលមានអត្ថប្រយោជន៍ដល់សុខភាព និងជំនួយដល់ ស្បែក គឺខ្ញុំញ៉ាំបន្លែច្រើនជាងសាច់ ហើយក៏ចូលចិត្ត ញ៉ាំផ្លែឈើដែរ ព្រោះវាមានគុណប្រយោជន៍ច្រើន សម្រាប់ទប់ស្កាត់ភាពជ្រីវជ្រួញ។ ក្រៅពីប្រយ័ត្នប្រយែង ក្នុងញ៉ាំហើយនោះ ខ្ញុំតែងតែប្រើប្រាស់ឡេថែបំប៉នស្បែក និងការពារកម្តៅថ្ងៃ តែក៏ត្រូវជ្រើសរើសផលិតផល ណាដែលមានគុណភាពខ្ពស់ដែរ។ លើសពីនេះ ខ្ញុំ ឧស្សាហ៍ទៅស្ទីម និងហាត់ប្រាណជាប្រចាំ ត្បិតអីវា ជួយថែរាងរបស់យើងបានមួយកម្រិតដែរ”។
សឿ សុធារ៉ា ភរិយារបស់តារាហង្សមាស សាពូន មីដាដា ត្រូវបានគេស្គាល់ច្រើន តាមរយៈតួឯករឿង “ស្នាមស្នេហ៍សមុទ្ររាម” ជាមួយតួឯកប្រុស លោក ញ៉ែម សុគន្ធ ហើយតារារូបនេះ ក៏ធ្លាប់កែច្រមុះម្តង រួចមកហើយ កាលពីប៉ុន្មានឆ្នាំមុន ដែលជួយឱ្យសម្រស់ របស់នាង កាន់តែមានមន្តស្នេហ៍ ទើបធ្វើឱ្យលោក មីដាដា ដកចិត្តមិនរួច រហូតបង្កើតជាចំណងគ្រួសារ ទទួលបានកូនស្រីម្នាក់ ប្រកបដោយសុភមង្គល។
សុធារ៉ា បានប្រាប់ថា នាងចង់កែសម្រស់ដើមទ្រូង បន្ថែមទៀត នៅអំឡុង៤ឆ្នាំខាងមុខ។
នាងបង្ហើបថា “ខ្ញុំឃើញគេកែ (ដើមទ្រូង) ហើយ មើលទៅស្អាតសិចស៊ីទាក់ទាញ ទើបខ្ញុំចង់កែដែរ តែ បើចង់កែភ្លាមៗ នៅពេលនេះ គឺមិនអាចទេ ព្រោះ មិនទាន់យកកូនបានគ្រប់ចំនួន ដែលខ្ញុំនិងស្វាមីចង់បាន នៅឡើយ”។
តារាដែលកំពុងប្រឹងច្បាមការគាំទ្រឡើងវិញ រូបនេះ បន្ថែមថា នាងក៏មានការខ្លាចរអាចំពោះការ វះកាត់ដើមទ្រូង ដែលប្រឈមនឹងជំងឺដ៏កាចសាហាវ គឺជំងឺមហារីក នោះដែរប៉ុន្តែ បើដល់ពេលត្រូវសម្រេច- ចិត្តកែនោះ ក៏ត្រូវជ្រើសវិធីណាដែលមានសុវត្ថិភាព ដែរ ត្បិតអីសព្វថ្ងៃ មានបច្ចេកទេសច្រើន សម្រាប់ ជ្រើសរើស ក្រៅពីវះកាត់ញាត់បញ្ចូលស៊ីលីកូន ដែល ប្រឈមនឹងគ្រោះថ្នាក់បំផុតនោះ។
សឿ សុធារ៉ា ថ្លែងបន្តថា “ខ្ញុំស្រលាញ់កូន ជាងសម្រស់របស់ខ្លួន និងគិតថា ទឹកដោះម្តាយ មានគុណប្រយោជន៍បំផុត។ ខ្ញុំមានគម្រោងបំបៅ ទឹកដោះម្តាយ រយៈពេល៦ខែ គ្រប់កូនដែលខ្ញុំនិងស្វាមី ចង់បាន៣នាក់។ ដូច្នេះ បើខ្ញុំមិនទាន់មានកូនគ្រប់ចំនួន ខ្ញុំម៉េចនឹងទៅកែ (ដើមទ្រូង) កើតទៅ ព្រោះខ្លាច ប៉ះពាល់”។
សុធារ៉ា បញ្ជាក់ថា សព្វថ្ងៃ នាងផ្អាកយកកូន ដោយសារជាប់ដៃលេងសិល្បៈ។ ដូច្នេះហើយ យ៉ាងហោចណាស់ក៏៤ឆ្នាំទៀតដែរ ទម្រាំទទួលបាន កំណើតកូនគ្រប់ចំនួន ទើបហ៊ានកែពង្រីកដើមទ្រូង។
សុធារ៉ា ក៏បានឱ្យដឹងដែរថា គ្មានបំណងកែកុន ផ្គាប់ចិត្តស្វាមីអ្វីនោះទេ ហើយក៏មិនទាន់ជម្រាប ស្វាមីឱ្យដឹងនៅឡើយដែរ។ ម៉្យាងទៀត ក៏មិនទាន់ដឹង ថា លោកមីដាដា យល់ស្របតាមបំណងរបស់នាង ឬអត់ដែរ។
ទោះជាយ៉ាងណា ការវិលត្រឡប់មកអុកឡុក សិល្បៈសាជាថ្មី ជាមួយនឹងរូបសម្រស់នៅតែមាន ភាពទាក់ទាញ ដែលធ្វើឱ្យអ្នកដឹកនាំរឿង និងផលិតកម្ម មួយចំនួន ពិបាកនឹងមើលរំលងបាននោះ គេរំពឹងថា កេរ្តិ៍ឈ្មោះតារាកូន១រូបនេះ នឹងហក់លោតខ្ពស់ដូចមុន ជាក់ជាមិនខាន ហើយបើនាងបានកែសម្រស់ដើមទ្រូង ដូចការប៉ងទុកមែននោះ សុធារ៉ា នឹងកាន់តែលេចធ្លោមួយកម្រិតទៀត ដែលតារាស្រករក្រោយមួយចំនួន ពិបាកប្រជែងជាមួយនាង៕
ដកស្រង់ពីៈ akt