ភ្នំពេញ: នៅថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ដែលជាថ្ងៃបើកឆាកដំបូង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងនឹងធ្វើសកម្មភាពឃោសនា នៅតាមទីតាំងផ្សេងៗគ្នា ដើម្បីថ្លែងសារនយោបាយរបស់ខ្លួនក្នុងការទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត។
សម្រាប់គណបក្ស ប្រជាជនកម្ពុជា ដែលកំពុងតែកាន់អំណាច និងគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នៅរាជធានីភ្នំពេញ នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាទ្រង់ទ្រាយធំនៅកន្លែងផ្សេងគ្នា។
លោក អ៊ក គីមហាន ប្រធាននាយកដ្ឋានបូកសរុប ខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាឲ្យដឹងថា សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជានឹងធ្វើការជួបជុំគ្នា នៅមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ ដោយមានអ្នកចូលរួមចំនួន ១២០០០នាក់ និងមានរថយន្តចំនួន ៩០០គ្រឿង រួមទាំងមានអ្នកសិល្បះ តារាសម្តែង អ្នកចំរៀងល្បីៗនៅក្នុងប្រទេសកម្ពុជាចូលរួមជាង១០០នាក់ផងដែរ។ បន្ទាប់ពីជួបជុំ នៅកោះពេជ្រ គណបក្ស ប្រជាជនកម្ពុជា នឹងធ្វើការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតចេញទៅខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញ។
ចំណែកលោក ហូរ វ៉ាន់ អនុប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ និងធ្វើការជួបជុំគ្នា នៅទីលាន ប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណជាង៣០០០នាក់(គិតតែចំនួនអ្នកដែលជិះរថយន្ត) និងមាន រថយន្តជាង ១០០គ្រឿង។ ហើយចំនួនមហាជនដែលស្ម័គ្រចិត្តជិះម៉ូតូចូលរួមរាប់រយ រាប់ពាន់ម៉ូតូទៀត មិនអាចកំណត់ចំនួនបានទេ។
លោកបានបន្តថា ចំពោះយុទ្ធនាការឃោសនាដំបូងរបស់គណបក្ស សង្គ្រោះជាតិ មានលោក កឹម សុខា នឹងឡើងងថ្លែងសារនៅទីលានប្រជាធិបតេយ្យ រួមមកនឹងអាចលោក សម រង្ស៊ី ប្រធានគណបក្ស ថ្លែងតាមវីដេអូខិនហ្វ្រើរិន ពីបក្រៅប្រទេស។ ប៉ុន្តែក្នុងករណីពេលវេលាមិនអំណោយផល គឺនឹងហែរក្បួនចេញទៅតែម្តង។
អនុប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិរាជធានីភ្នំពេញ បានបញ្ជាក់ថា “ការហែរក្បួននេះមានគោលបំណង៣ ដោយគោលបំណងទី១- ចែកខិត្តប័ណ្ណ ទី២- ចាក់មេក្រូថ្លែងសារនយោបាយ និងទី៣- ចែករូបភាពគណបក្ស និងពាក្យស្លោក ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែស្គាល់ច្បាស់ពីគណបក្សសង្គ្រោះជាតិ”។
រីឯគណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ នេះ គឺមិនបានជួបជុំគ្នានៅរាជធានីភ្នំពេញនោះទេ ដោយទៅធ្វើយុទ្ធនាការឃោសនាជាទ្រង់ទ្រាយធំនៅខេត្តគំពង់ចាម។
លោក ទុំ សម្បុរ អ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានមានប្រសាសន៍ឲ្យដឹងថា គណបក្ស ហ្វ៊ិនស៊ិនប៉ិច ធ្វើយុទ្ធនាការឃោសនាធំនៅខេត្តកំពង់ចាម ដោយធ្វើការជួបជុំគ្នានៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណជាង ៦០០០នាក់ មានរថយន្តជាង ១០០គ្រឿង និងម៉ូតូជាង២០០០គ្រឿង។ សមាជិកចូលរួមឃោសនាពាក់អាវគណបក្ស ដែលមានពណ៌លឿង និងមួកពណ៌លឿង មានរូបសញ្ញាគណបក្ស។
លោកបន្តថា នៅក្នុងយុទ្ធនាការឃោសនានេះ គឺសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី ព្រះរាជបុត្រីពៅសម្តេចឪ និងជាព្រះប្រធានគណបក្ស និងលោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សរួមទាំងមន្ត្រីជាន់ខ្ពស់ ចូលរួមបើកយុទ្ធនាការឃោសនា។ បន្ទាប់ពីជួបជុំគ្នារួចរាល់អស់ហើយ នឹងធ្វើការហែរក្បួនជុំវិញខេត្តរួចបំបែកគ្នា ទៅតាមស្រុកនីមួយៗ។
លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានមានប្រសាសន៍ឲ្យដឹងថាគណបក្សរបស់លោក នឹងធ្វើយុទ្ធនាការ ឃោសនា នៅថ្ងៃដំបូង នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង១០០០នាក់ ដោយជួបជុំគ្នានៅទីស្នាក់ការគណបក្ស ស្ថិតនៅផ្ទះលេខ១០៨B2 ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
លោកបានបន្តថា បន្ទាប់ពីជួបជុំគ្នារួច នឹងធ្វើការហែរក្បួនទៅរង្វង់មូលទីក្រុងតាខ្មៅ រួចធ្វើការហហែក្បួនវិលចូលមក រាជធានីភ្នំពេញវិញ។
លោក សេង សុខេង ប្រធានគណបក្ស សញ្ជាតិកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតដំបូង គណបក្សរបស់លោកមិនបានជួបជុំគ្នានៅរាជធានីភ្នំពេញទេ ប៉ុន្តែបើកយុទ្ធនាការនៅខេត្តកណ្តាល ស្ថិតនៅឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដោយមានអ្នកចូលរួមប្រមាណជាង១០០០នាក់ និងមានរថយន្តចំនួន១០០គ្រឿង។ បន្ទាប់ពីធ្វើការឃោសនានៅខេត្តកណ្តាលរួច និងធ្វើការដង្ហែរក្បួនឆ្ពោះទៅកាន់ខេត្តព្រៃវែង។
លោក ចាន់ យ៉េត អនុប្រធានគណបក្ស សាធារណៈរដ្ឋប្រជាធិបតេយ្យបានឲ្យដឹងថា គណបក្សរបស់លោក មិនធ្វើការបើកយយុទ្ធនាការនៅរាជធានីភ្នំពេញទេ គឺធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តស្វាយរៀង ដោយមានអ្នកចូលរួមប្រមាណជា ៥០០ នាក់តែប៉ុណ្ណោះ ដោយមានម៉ូតូកង់បី និងគោយន្តខុសពីគណបក្សដទៃ ដោយសារតែគណបក្សរបស់លោកមិនសូវមានថវិកា។
ចំណែកគណបក្សខ្មែរឈប់ក្រ និងកណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមិនទទួលបានដំណឹង ពីការហែរក្បួន ឃោសនាបោះឆ្នោតនោះទេ។
ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ។ ហើយនៅថ្ងៃទី២៨ ខែកក្កដា គឺជាថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោត៕
- See more at: http://cen.com.kh/localnews/show_detail/19?token=MzAwZDZlNz#sthash.j1fQXrnv.dpuf